ថ្ងៃអង្គារ៍ ទី១៥ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ខេមឡាយញូស៍
មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ខ្សែក្រវ៉ាត់ខ្មៅតេក្វាន់ដូ ០៦ដាន់ និង ការ៉ាតេ ៥ដាន់ ណែនាំក្បាច់គុណដល់ កម្លាំងក្រោមឱវាទ ត្រៀមចូលរួមសម្តែងក្នុងពិធីអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ!
Sun,13 July 2025 (Time 02:56 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 20នាក់)

ដោយទទួលបានការអនុញ្ញាត ពីសំណាក់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រៀមចូលរួមសម្តែងក្បាច់គុណ ក៏ដូចជាយុទ្ធវិធីក្នុងការទប់ទល់ប្រឆាំងជាមួយនឹងជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ក្នុងឱកាសអបអរសាទរពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥) និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នាពេលខាងមុខ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងហ្វឹកហាត់ ជាប់ជាប្រចាំ ក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលគេដឹងថា បានទទួលការបំពាក់ខ្សែក្រវាត់ខ្មៅតេក្វាន់ដូ ០៦ដាន់ ពីលោកគ្រូព្រឹទ្ធាចារ្យ ជុង ប៊ុនហ៊ីន នៃអគ្គស្នងការតេក្វាន់ដូពិភពលោក គុគគីវ៉ុន កម្រិត ៨ដាន់ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ និង ខ្សែក្រវ៉ាត់ខ្មៅការ៉ាតេ ៥ដាន់ ពីឯកឧត្តមប្រធានសហព័ន្ធការ៉ាតេកម្ពុជា គឺឯកឧត្ដម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី ២៩ ខែ សីហា ២០២៤ បានចុះណែនាំក្បាច់គុនដោយផ្ទាល់ ដល់កងកម្លាំង ដែលកំពុងធ្វើការហ្វឹកហាត់យ៉ាងសស្រាក់សស្រាំ ដើម្បីត្រៀមចូលរួមសម្ដែងក្បាច់គុណ និងយុទ្ធវិធីក្នុងកម្មវិធីខាងលើ ឲ្យទទួលបានជោគជ័យតាមផែនការដែលបានកំណត់ផងដែរ៕

វីដែអូ